ក្រុម Villarreal នឹងត្រូវប្រកួតជាមួយនឹងក្រុម Manchester United ក្នុងក្របខ័ណ្ឌ Europa League វគ្គផ្តាច់ព្រ័ត្រ ក្រោយពីក្រុមយក្សរបស់អេស្ប៉ាញមួយនេះ បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅលើទឹកដីក្រុម Arsenal កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីរារាំងមិនឲ្យក្រុមមកពីក្របខ័ណ្ឌ Premier League ទៅវគ្គផ្តាច់ព្រ័ត្រក្នុងក្របខ័ណ្ឌអឺរ៉ុប។
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានស៊ុតបាល់ប៉ះបង្គោលទីចំនួន២លើក ប៉ុន្តែការរងបរាជ័យក្នុងលទ្ធផលទាំង២ជើង ២-១ មានន័យថា ក្រុមកាំភ្លើងធំ នឹងត្រូវអវត្តមានក្នុងក្របខ័ណ្ឌ Champions League ក្នុងរដូវកាលជាលើកទី៥ជាប់ៗគ្នា។ ដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ៩ លើតារាង Premier League បច្ចុប្បន្ន ក្រុម Arsenal ប្រឈមមុខនឹងការមិនអាចឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌអឺរ៉ុប ជាលើកទី១ ក្នុងរយៈពេល២៦ឆ្នាំ។ លោក Arteta បានឲ្យដឹងថា៖ «យើងពិតជាខកចិត្ត។ យើងបានព្យាយាមសព្វបែបយ៉ាងរហូតដល់នាទីចុងក្រោយ។ ខ្ញុំគិតថា យើងស័ក្កិសមក្នុងការឈ្នះការប្រកួតនេះ ប៉ុន្តែ ភាពស្វិតស្វាញកំណត់ក្នុងការប្រកួតនេះ»។ ខ្សែប្រយុទ្ធ Edinson Cavani បានស៊ុតបាល់បញ្ចូលទី២គ្រាប់សម្រាប់ Man United ដែលបានឈានទៅវគ្គបន្តក្នុងលទ្ធផលទាំង២ជើង ៨-៥ បើទោះបីចាញ់នៅក្រៅដីក្នុងលទ្ធផល ៣-២ ក្រោមស្នាដៃក្រុម Roma ក៏ដោយ៕
ប្រភពព័ត៌មាន៖ AFP