ក្លិបបាល់ទាត់ភ្នំពេញក្រោន និងវិសាខា បានសម្រេចធ្វើការបោះជំរំ និងប្រកួត នៅក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាពកូនក្រុមរបស់ខ្លួន និងត្រៀមការប្រកួតលីគកំពូលកម្ពុជា រដូវកាលឆ្នាំ2023-2024 ខាងមុខនេះ ស្របពេលដែលក្រុមព្រះខ័នរាជស្វាយរៀង ក៏មានគម្រោងចេញទៅបោះជំរំហ្វឹកហាត់ នៅប្រទេសថៃផងដែរ។
ភ្នំពេញក្រោន បានយកទឹកដីប្រទេសឥណ្ឌូនេស៊ី ជាកន្លែងហ្វឹកហាត់ និងប្រកួតមិត្តភាពអន្តរជាតិរបស់ខ្លួន ដើម្បីត្រៀមរដូវកាលថ្មីនេះ។ ក្រៅពីការត្រៀមការពារតំណែងជើងឯករបស់ខ្លួនក្នុងលីគកំពូលកម្ពុជា ពួកគេនៅមានភារកិច្ចសំខាន់មួយទៀត ត្រូវបំពេញ គឺការប្រកួតវគ្គជម្រុះជាបឋមពានរង្វាន់ AFC Cup 2023 ជាមួយក្រុម Young Elephants របស់ឡាវ នៅថ្ងៃទី16 ខែសីហា ដើម្បីរកក្រុមឈ្នះឡើងទៅជួបក្រុម Tampines Rovers របស់សិង្ហបុរី នៅវគ្គ Play Off Round នាថ្ងៃទី23 ខែសីហា។
ចំពោះការទៅហ្វឹកហាត់រយៈពេលខ្លី នៅប្រទេសឥណ្ឌូនេស៊ី ដោយបានចាប់ផ្តើមពីថ្ងៃទី22 ខែមិថុនាមកនោះ ក្រុមភ្នំពេញក្រោន បានធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមលេងនៅលីគកំពូលឥណ្ឌូនេស៊ី PSIS FC កាលពីព្រលប់ថ្ងៃទី24 ខែមិថុនា ដោយក្រុមទាំង2នេះ បានស្មើគ្នា 2-2 ហើយពេលនេះ ក្រុមភ្នំពេញក្រោន បានវិលត្រឡប់មកដល់មាតុប្រទេសវិញហើយ។
ដោយឡែក វិសាខា បាននិងកំពុងបោះជំរំហ្វឹកហាត់ នៅមជ្ឈមណ្ឌលកីឡា True Arena នៃខេត្ត Prachuap Khiri Khan ប្រទេសថៃ បន្ទាប់ពីពួកគេបានធ្វើដំណើរទៅដល់កីឡដ្ឋានមួយនេះ កាលពីល្ងាចថ្ងៃទី25 ខែមិថុនា ហើយក្លិបវិសាខា បានប្រកាសថា នេះជាកម្មវិធីបោះជំរំហ្វឹកហាត់របស់ពួកគេ ដើម្បីត្រៀមការប្រកួតរដូវកាលថ្មីខាងមុខនេះ៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com