ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម បានយកឈ្នះលើក្រុមភ្ញៀវរៀងៗខ្លួន ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី1 នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup លើកទី17 ថ្នាក់ខេត្ត ឆ្នាំ2023-2024 កាលពីល្ងាចថ្ងៃទី14 ខែវិច្ឆិកា។ សម្រាប់ជំនួបនៅទីលានវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់
ក្រុមម្ចាស់ផ្ទះខេត្តត្បូងឃ្មុំ បានយកឈ្នះខេត្តបន្ទាយមានជ័យ ដោយលទ្ធផល 4-1 ។ សម្រាប់គ្រាប់បាល់ក្នុងជំនួបជើងទី នេះ សុទ្ធតែកើតឡើងនៅវគ្គទី2 បន្ទាប់ពីក្រុមទាំងពីរ បានរក្សាលទ្ធផលស្មើគ្នា 0-0 នៅវគ្គទី1 ។
ផ្ដើមចេញពីគ្រាប់បាល់ចូលទីខ្លួនឯង (Own Goal) របស់កីឡាករ ប្រាក់ តាប់យ៉ា នៅនាទី52 បានជួយឲ្យខេត្តត្បូងឃ្មុំ នាំមុខខេត្តបន្ទាយមានជ័យ ហើយបន្ដរកបាន 2គ្រាប់ទៀត ដោយកីឡាករ មហាំម៉ាត់ មូស្ដាហ្វា នៅនាទី៥៨ និងមិត្តរួមក្រុម ម៉ើល ចាន់រ៉ា នីនាទី68 មុនក្រុមភ្ញៀវវាយបកបាន 1គ្រាប់វិញ ដោយកីឡាករ វុធ ដេវីត នៅនាទី74 ។ ប៉ុន្ដែនៅចុងម៉ោង ម៉ើល ចាន់រ៉ា បានបន្ថែម 1គ្រាប់ទៀតឲ្យក្រុម្ចាស់ផ្ទះ ដើម្បីធានាជ័យជម្នះ 4-1 ក្នុងជំនួបជើងទី1 ។
ដោយឡែកជំនួបជើងទី1 រវាងក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម និងក្រុមបាល់ទាត់សន្ដិភាព ខេត្តកំពង់ធំ វិញ វគ្គទី1 ក្រុមទាំងពីរ បានរក្សាលទ្ធផលស្មើគ្នា 0-0 ដូចគ្នា ។ លុះចូលវគ្គទី2 ក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំង ខណៈក្រោយចាប់ផ្ដើមលេងបានប្រមាណ 10នាទី ដោយសារការបង្កកំហុសរបស់អ្នកចាំទីខេត្តកំពង់ធំ នាំឲ្យក្រុមម្ចាស់ផ្ទះ មានឱកាសទាត់បាល់ពិន័យ 11ម៉ែត្រ ដែលធ្វើបានសម្រេចដោយកីឡាករ ប៉ុន ស៊ីប្រី នៅនាទី56 និងជាគ្រាប់បាល់ជ័យជម្នះរបស់ខេត្តកំពង់ចាមតែម្ដង ។
យ៉ាងណាក្ដីក្រុមនីមួយៗ នៅសល់ការប្រកួតជើងទី2 ម្ដងទៀត ដើម្បីកាត់សេចក្ដី រកក្រុមខ្លាំងឡើងវគ្គផ្ដាច់ព្រ័ត្រ ។ ដូច្នេះទាំងក្រុមឈ្នះ និងក្រុមចាញ់ សុទ្ធនៅតែមានសង្ឃឹម ដ្បិតជំនួបជើងទី2 នឹងប្រព្រឹត្តទៅ នាថ្ងៃទី19 ខែវិច្ឆិកាចុងសប្ដាហ៍នេះ មុនឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2023 ខាងមុខ ដើម្បីស្វែងរកក្រុមជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត លើកទី17៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com