ខ្សែប្រយុទ្ធ Mohamed Salah បានរកគ្រាប់បាល់ទី22របស់គេនៅរដូវកាលនេះ ខណៈដែលក្រុម Liverpool បានកាត់បន្ថយគម្លាតតាមពីក្រោយក្រុមកំពុងនាំមុខ Manchester City មកនៅត្រឹម1ពិន្ទុ លើតារាងក្របខ័ណ្ឌ Premier League ក្រោយពីបានយកឈ្នះលើក្រុម Newcastle 3-1 កាលពីថ្ងៃព្រហស្បតិ៍។
Liverpool បានអវត្តមាន Virgil van Dijk និង Fabinho ដោយសារតែករណីឆ្លងកូវិដ 19 នៅមុនពេលការប្រកួត ខណៈដែល ការផ្ទុះការឆ្លងជាថ្មីនៅអង់គ្លេស កំពុងតែគំរាមដល់ការផ្អាកការប្រកួតនៅរដូវកាលនេះ។ Liverpool បានជួបភាពស្រឡាំងកាំងនៅដើមតង់ នៅពេលដែលកីឡាករ Jonjo Shelvey បានរកគ្រាប់បាល់បើកឆាក នៅពេលប្រកួតជាមួយនឹងអតីតក្លិបរប់សគេ ក្រោយពីលេងបានត្រឹមតែ7នាទី។ ប៉ុន្តែ Newcastle នៅតែឡើងមិនរួចពីតំបន់កាត់ចោល ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីពីកីឡាករ Diogo Jota និង Mohamed Salah បានផ្លាស់ប្តូរការប្រកួតវិញ នៅមុនពេលបញ្ចប់តង់ទី1។ គ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អពី Alexander-Arnold នៅរយៈពេល4នាទីចុងក្រោយ បានបំពេញជ័យជម្នះ8លើកជាប់ៗគ្នាសម្រាប់ក្រុមរបស់លោក Jurgen Klopp តែម្តង ខណៈដែលពួកគេតាមពីក្រោយក្រុម Manchester City ត្រឹមតែ1ពិន្ទុគត់៕
ប្រភពព័ត៌មាន៖ BBC