Liverpool បានឈានទៅវគ្គ16ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ខណៈដែលនៅសល់ការប្រកួត2លើកទៀត ក្រោយពីបានយកឈ្នះលើក្រុមនៅសល់សមាជិក10នាក់ Atletico Madrid ក្នុងលទ្ធផល 2-0 នាកីឡដ្ឋាន Anfield កាលពីថ្ងៃពុធ ដើម្បីបញ្ចប់ដោយការឈរលេខ1ក្នុងពូល B។
ជាមួយនឹងជ័យជម្នះ4លើកពីការប្រកួតទាំង4លើក ក្រុមរបស់លោក Juergen Klopp អាចដកការផ្តោតអារម្មណ៍របស់ខ្លួនពីការប្រកួត2លើកចុងក្រោយក្នុងពូល និងផ្តោតលើការប្រកួតក្របខ័ណ្ឌ Premier League របស់ពួកគេ។ បច្ចុប្បន្ន Liverpool មានសុវត្ថិភាពរួចជាស្រេចក្នុងការបញ្ចប់ដោយការឈរលេខ1ក្នុងពូល ដោយនាំមុខក្រុម Porto ដល់ទៅ7ពិន្ទុ ខណៈដែលនៅសល់ការប្រកួតត្រឹមតែ2លើកទៀតប៉ុណ្ណោះ ហើយក្រុម Atletico ដេញតាមពីក្រោយ8ពិន្ទុ ក្នុងចំណាត់ថ្នាក់លេខ3។ លោក Klopp បានប្រាប់សារព័ត៌មាន BT Sport ថា៖ «អ្នកនឹងទទួលបានប្រាក់ជាច្រើនក្នុងពេលឈ្នះការប្រកួតនីមួយៗក្នុង Champions League។ គោលដៅទី1គឺការឆ្លងផុតពូលនេះ ប៉ុន្តែយើងធ្វើបានសម្រេច ក្នុងពេលនៅសល់2ប្រកួតទៀត»។ ស្របពេលជាមួយគ្នានេះ ក្រុម Ajax បានរក្សាភាពខ្លាំងរបស់ខ្លួនក្នុងក្របខ័ណ្ឌអឺរ៉ុប តាមរយៈការវាយបកដេញតាមពីក្រោយ ដើម្បីទទួលជ័យជម្នះក្នុងលទ្ធផល 3-1 លើក្រុម Borussia Dortmund ខណៈដែល Sebastien Haller រកបានគ្រាប់បាល់ទី7របស់គេ ក្នុងការបង្ហាញខ្លួនត្រឹមតែ4លើកក្នុងក្របខ័ណ្ឌ Champions League៕
ប្រភពព័ត៌មាន៖ Channel News Asia