Leicester City បានឈ្នះពាន FA Cup ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររយៈពេល១៣៧ឆ្នាំរបស់ក្លិបនេះ កាលពីថ្ងៃសៅរ៍ ខណៈដែលគ្រាប់បាល់ស៊ុតពីចម្ងាយយ៉ាងល្អរបស់ខ្សែបម្រើ Youri Tielemans បានផ្តួលក្រុម Chelsea ក្នុងលទ្ធផល ១-០ នៅពីមុខអ្នកគាំទ្រចំនួន២២០០០នាក់ នាកីឡដ្ឋាន Wembley។
អ្នកគាំទ្រដ៏ច្រើនបំផុតក្នុងព្រឹត្តិការណ៍កីឡា ក្នុងប្រទេសអង់គ្លេស បើគិតចាប់តាំងពីការផ្ទុះការឆ្លងរាតត្បាតនៃវីរុសកូរ៉ូណា កាលពីរយៈពេល១៤ខែមុន បានមើលឃើញពីគ្រាប់បាល់កាត់សេចក្តីក្នុងការឈ្នះពាន នៅពេលដែលខ្សែបម្រើអន្តរជាតិបែលហ្ស៊ិក Tielemans បានស៊ុតបាល់ចូលជ្រុងម្ខាងយ៉ាងល្អនៅនាទី ទី៦៣។ អ្នកចាំទី Kasper Schmeichel បានសង្គ្រោះបាល់យ៉ាងល្អចំនួន១គ្រាប់ ដើម្បីរារាំងគ្រាប់បាល់ពីខ្សែបម្រើ Mason Mount នៅជិតបញ្ចប់ការប្រកួត ហើយក្រុម Chelsea បានគិតថា ខ្លួនបានរកគ្រាប់បាល់តាមស្មើទៅហើយ មុនពេលត្រូវបានចាត់ទុកថា ជាបាល់ Offside ក្រោយពីការពិនិត្យតាមប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (VAR)។ រយៈពេល៥ឆ្នាំ ក្រោយពី Leicester បានបង្កើតការភ្ញាក់ផ្អើលក្នុងក្របខ័ណ្ឌ Premier League តាមរយៈការក្លាយជាម្ចាស់ជើងឯកពានរង្វាន់លីកនេះ បច្ចុប្បន្នពួកគេ បានឈ្នះពានដ៏ធំមួយផ្សេងទៀតរបស់អង់គ្លេស ជាលើកដំបូង៕
ប្រភពព័ត៌មាន៖ Channel News Asia