អតីតម្ចាស់ជើងឯកពិភពលោក អាល្លឺម៉ង់ និងអេស្ប៉ាញ នឹងត្រូវជួបគ្នាក្នុងវគ្គចែកពូលនៃព្រឹត្តិការណ៍ World Cup ជុំផ្តាច់ព្រ័ត្រ ក្នុងប្រទេសកាតា ក្រោយពីត្រូវបានចាប់ឆ្នោតឲ្យស្ថិតក្នុងពូលដូចគ្នា ស្របពេលដែលគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាមេរិក និងអុីរ៉ង់ ដែលជាគូប្រជែងផ្នែកនយោបាយ បានសន្យាថា នឹងទុករឿងជម្លោះរវាងប្រទេសទាំង២មួយឡែក នៅពេលដែលក្រុមទាំង២ជួបគ្នា។
ការចាប់ឆ្នោតក្នុងទីក្រុងដូហា កាលពីថ្ងៃសុក្រ ក៏តម្រូវឲ្យក្រុមម្ចាស់ការពារតំណែងជើងឯក បារាំង ស្ថិតលើផ្លូវឆ្ពោះទៅកាន់ការជួបជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស ក្នុងវគ្គ៨ក្រុមចុងក្រោយផងដែរ ប្រសិនបើពួកគេបញ្ចប់ដោយការឈរលេខ១ក្នុងពូលរៀងៗខ្លួនរបស់ពួកគេ។
ប៉ុន្តែ ក្រុមមានចំណាត់ថ្នាក់លេខ១ក្នុងពិភពលោក ប្រេស៊ីល ស្ថិតក្នុងពូលដែលប្រមូលផ្តុំដោយក្រុមខ្លាំងៗជាង ក្នុងដំណាក់កាលទី១នេះ ក្រោយពីស្ថិតក្នុងពូលជាមួយនឹងក្រុមជម្រើសជាតិស៊ែប៊ី កាមេរូន និងស្វ៊ីស។ ក្រុមម្ចាស់ជើងឯក៤សម័យកាល អាល្លឺម៉ង់ គឺជាក្រុមមានចំណាត់ថ្នាក់លេខ២ ហេតុនេះ ពួកគេមិនប៉ះក្រុមដែលមានចំណាត់ថ្នាក់ខ្ពស់ៗឡើយ។
ការប្រកួតជាមួយនឹងអេស្ប៉ាញ នឹងរំឭកឡើងវិញនូវការចងចាំដ៏ខកចិត្តសម្រាប់អាល្លឺម៉ង់ ដែលបានរងបរាជ័យក្នុងលទ្ធផល ៦-០ ក្នុងពេលក្រុមទាំង២ បានជួបគ្នាក្នុងយុទ្ធនាការ Nations League ក្នុងឆ្នាំ២០២០ ប៉ុន្តែ អាល្លឺម៉ង់ បានពង្រឹងក្រុមយ៉ាងឆាប់រហ័ស បើគិតចាប់តាំងពីលោក Hansi Flick បានចូលជំនួសកន្លែងរបស់លោក Joachim Loew ក្នុងនាមជាគ្រូបង្វឹក។
ក្រុមជើងខ្លាំងទាំង២របស់អឺរ៉ុប ក៏ត្រូវប៉ះជាមួយនឹងក្រុមជប៉ុនផងដែរ ក្នុងពូល E ខណៈដែលក្រុមមួយផ្សេងទៀតនឹងត្រូវកាត់សេចក្តី បន្ទាប់ពីការប្រកួតវគ្គ Playoff រវាងកូស្តារីកា និងនូវែលសេឡង់៕
លទ្ធផលពីការចាប់ឆ្នោតកាលពីថ្ងៃសុក្រ៖
Group A: Qatar, Ecuador, Senegal, Netherlands
Group B: England, Iran, USA, Wales/Scotland/Ukraine
Group C: Argentina, Saudi Arabia, Mexico, Poland
Group D: France, UAE/Australia/Peru, Denmark, Tunisia
Group E: Spain, Costa Rica/New Zealand, Germany, Japan
Group F: Belgium, Canada, Morocco, Croatia
Group G: Brazil, Serbia, Switzerland, Cameroon
Group H: Portugal, Ghana, Uruguay, South Korea
ប្រភពព័ត៌មាន៖ Channel News Asia