ក្រុម Nottingham Forest បានទម្លាក់ក្រុមម្ចាស់ជើងឯក14សម័យកាល Arsenal ឲ្យធ្លាក់ចេញពីពាន FA Cup តាមរយៈការយកឈ្នះ 1-0 កាលពីថ្ងៃអាទិត្យ ក្រោយពីក្រុម Tottenham និង Liverpool បានគេចផុតពីការខកចិត្តដូចគ្នាក្នុងការប្រកួតជុំទី3 ពេលប៉ះក្រុមដែលស្ថិតក្នុងក្របខ័ណ្ឌទាបជាង។
នេះមិនមែនជាលើកដំបូងឡើយដែលក្រុម Nottingham Forest បានទម្លាក់ក្រុម Arsenal ក្នុង FA Cup ខណៈដែលពួកគេក៏បានយកឈ្នះលើក្រុមកាំភ្លើងធំកាលពីឆ្នាំ2018 ក្នុងការប្រកួតជុំទី3ផងដែរ។ លោក Steve Cooper គ្រូបង្វឹករបស់ក្រុម Nottingham Forest បានឲ្យដឹងថា៖ «ខ្ញុំពិតជាមានមោទនភាពដោយសារតែកូនក្រុមរបស់ខ្ញុំណាស់ និងពេញចិត្តនឹងទម្រង់លេងរបស់ពួកគេ។ វាជារឿងដ៏អស្ចារ្យក្នុងការទៅវគ្គបន្ត ហើយខ្ញុំសង្ឃឹមថា ពេលនេះ កីឡាករពិតជាជឿជាក់លើអ្វីដែលពួកយើងកំពុងតែធ្វើ»។ ស្របពេលជាមួយគ្នានេះ ក្រុម Liverpool បានវាយបកពីការដេញតាមពីក្រោយ១គ្រាប់ ដើម្បីយកឈ្នះក្នុងលទ្ធផល 4-1 លើក្រុម Shrewsbury Town ស្របពេលដែលក្រុម Tottenham បានដេញតាមពីក្រោយរហូតដល់នាទី ទី74 ក្នុងការប្រកួតលើទឹកដីខ្លួនឯង មុននឹងផ្តួលក្រុម Morecambe ក្នុងលទ្ធផល 3-1៕
ប្រភពព័ត៌មាន៖ Channel News Asia