ក្រុមម្ចាស់ការពារតំណែងជើងឯក Chelsea នឹងត្រូវប្រកួតជាមួយនឹងក្រុមរបស់បារាំង Lille ក្នុងក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីការចាប់ឆ្នោតសម្រាប់វគ្គនេះ បានកើតឡើង២លើក កាលពីថ្ងៃចន្ទ។ កំហុសបច្ចេកទេស បាននាំឲ្យមានបញ្ហាក្នុងការចាប់ឆ្នោតលើកទី១
ដែលនាំឲ្យសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប ហៅកាត់ថា UEFA ប្រកាសថា លទ្ធផលនៃការចាប់ឆ្នោតលើកទី១នេះ ត្រូវចាត់ទុកជាមោឃៈ។ ក្នុងការចាប់ឆ្នោតលើកទី២ តម្រូវឲ្យក្រុម Paris Saint-Germain នឹងត្រូវប្រកួតជាមួយនឹងក្រុម Real Madrid ស្របពេលដែលក្រុម Liverpool ត្រូវប៉ះក្រុម Inter Milan ក្នុងការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ចំនួន២គូ ក្នុងវគ្គ១៦ក្រុមចុងក្រោយ។ ដំបូងឡើយ ក្រុម PSG ត្រូវប៉ះជាមួយនឹងក្រុម Manchester United ប៉ុន្តែ ការចាប់ឆ្នោតម្តងទៀត តម្រូវឲ្យពួកគេត្រូវប៉ះជាមួយនឹងក្រុម Real ស្របពេលដែលក្រុមមានមូលដ្ឋាននៅ Old Trafford ត្រូវប៉ះជាមួយនឹងក្រុមម្ចាស់ជើងឯកអេស្ប៉ាញ Atletico Madrid។ ស្របពេលដែលការចាប់ឆ្នោតត្រូវបានផ្សាយផ្ទាល់នៅទីស្នាក់ការកណ្តាលរបស់ UEFA ក្នុងទីក្រុង Nyon ប្រទេសស្វ៊ីស បញ្ហាបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ នៅពេលដែលឈ្មោះរបស់ក្រុម Manchester United ត្រូវបានចាប់ឆ្នោតឲ្យប៉ះជាមួយនឹងក្រុម Villarreal ប៉ុន្តែក្រុមទាំង២ មិនអាចប៉ះគ្នាបានឡើយ ដោយសារតែជាក្រុមស្ថិតក្នុងពូលតែមួយ៕
ប្រភពព័ត៌មាន៖ BBC