Atletico Madrid បានបោះជំហានកាន់តែកៀកដើម្បីក្លាយជាម្ចាស់ជើងឯកអេស្ប៉ាញជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ២០១៤ ក្រោយពីបានយកឈ្នះលើក្រុម Real Sociedad ទាំងស្វិតស្វាញក្នុងលទ្ធផល ២-១ កាលពីថ្ងៃពុធ។
ខ្សែបម្រើស្លាប Yannick Carrasco បានជួយឲ្យ Atletico រកបានគ្រាប់បាល់នាំមុខមុន នៅពេលដែលរូបគេបានទទួលបាល់ពីកីឡាករ Marcos Llorente មុននឹងស៊ុតបាល់ផុតដៃអ្នកចាំទី Alex Remiro។ ខ្សែប្រយុទ្ធ Angel Correa បានបន្ថែមការនាំមុខរបស់ក្រុមខ្លួន ក្រោយពីបានបញ្ជូនបាល់យ៉ាងល្អរបស់ខ្សែប្រយុទ្ធ Luis Suarez។ Atletico បានរងសម្ពាធវិញនៅតង់ទី២ និងបានជួបការភិតភ័យ ក្រោយពីកីឡាករ Igor Zubeldia បានរកគ្រាប់បាល់វាយបក១គ្រាប់វិញសម្រាប់ក្រុម Sociedad ខណៈដែលនៅសល់រយៈពេល៧នាទីចុងក្រោយ។ ពេលដែលសំឡេងកញ្ចែបញ្ចប់ការប្រកួតបានបន្លឺឡើង លោក Diego Simeone បានរត់ទៅកាន់ច្រកចេញនាកីឡដ្ឋាន Wanda Metropolitano ដោយបានសម្តែងនូវការរំភើបយ៉ាងខ្លាំង ដើម្បីបង្ហាញថា លទ្ធផលនេះ ពិតជាសំខាន់ណាស់។ នៅខាងក្រៅកីឡដ្ឋានឯនោះវិញ អ្នកគាំទ្រជាច្រើនរបស់ Atletico បានប្រមូលផ្តុំគ្នា ដើម្បីអបអរ និងច្រៀងចម្រៀង រហូតដល់បញ្ចប់ការប្រកួត ហើយនៅពេលដែលក្រុមរបស់ខ្លួនទទួលជ័យជម្នះ ក៏មានការដុតកាំជ្រួចផងដែរ៕
ប្រភពព័ត៌មាន៖ BBC