ខ្សែការពារកណ្តាលដ៏រឹងមាំរបស់កម្ពុជា ទេស សម្បត្តិ បានបង្ហាញអារម្មណ៍សោកស្តាយខ្លាំងចំពោះការបាត់បង់ឱកាស ក្នុងការចូលរួមជួយក្រុមជម្រើសជាតិកម្ពុជាសម្រាប់ការប្រកួតស៊ីហ្គេម លើកទី31 នៅប្រទេសវៀតណាម ដែលនឹងចាប់ផ្តើមនៅខែឧសភា ខាងមុខនេះ។
ស្របពេលជាមួយគ្នានេះ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាក៏បានសម្តែងការសោកស្តាយខ្លាំងចំពោះការបាត់បង់ធនធានដ៏សំខាន់ម្នាក់នេះផងដែរ ដោយសារតែក្រុមមានរហស្សនាមថា គោព្រៃមួយ ត្រូវជូបសុទ្ធតែជាមួយក្រុមខ្លាំងៗ។
ទេស សម្បត្តិ បានជួបបញ្ហារបួសកជើង ក្នុងពេលលេងឲ្យក្រុមវិសាខា នាការប្រកួតជាមួយក្រុមគិរីវង់សុខសែនជ័យ ក្នុងក្របខ័ណ្ឌលីគកំពូល កាលពីថ្ងៃទី19 ខែមីនា ហើយគ្រូពេទ្យប្រចាំក្លិប បានបញ្ជាក់ថា សម្បត្តិ នឹងត្រូវសម្រាកអាចលើស3សប្ដាហ៍ទៀត ខណៈពេលដែលស៊ីហ្គេមឆ្នាំ2022 នឹងមកដល់នៅអំឡុងជាង1សប្ដាហ៍ខាងមុខនេះហើយ។
ជុំវិញបញ្ហានេះ លោក ភា សុភ័ក្ត្រា គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់ប្រាប់ព័ត៌មានក្នុងស្រុកថា៖ «យើងបានដឹងពីបញ្ហារបស់សម្បត្តិ គ្រាន់តែយើងចង់បញ្ជាក់ឱ្យច្បាស់ថា តើរបួសនេះត្រូវចំណាយពេលប៉ុន្មាន ប៉ុន្តែបើតាមការឱ្យដឹងរបស់គ្រូពេទ្យប្រចាំក្លិបវិសាខា និងសាមីខ្លួន គឺត្រូវការពេលពី3ទៅ4សប្តាហ៍ទៀតឯណោះ អញ្ចឹងក្តីរំពឹងក្នុងការមកចូលរួមជាមួយក្រុមជម្រើសជាតិរបស់ សម្បត្តិ សម្រាប់ស៊ីហ្គេម នេះ ហាក់មានតិចតួចបំផុត»។
ជាមួយគ្នានេះ កីឡាករមានដើមកំណើត នៅខេត្តកំពង់ស្ពឺ ទេស សម្បត្តិ មានការសោកស្តាយខ្លាំងជាងអ្នកណាៗទាំងអស់ ចំពោះការបាត់បង់ឱកាសសំខាន់នេះ។ សម្បត្តិ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា៖ «ខ្ញុំពិតជាសោកស្ដាយណាស់ ព្រោះវាជាស៊ីហ្គេម ចុងក្រោយសម្រាប់ខ្ញុំផង។ គោលដៅរបស់ខ្ញុំ គឺតាំងពីចប់ពានស៊ីហ្គេម លើកមុន (នៅហ្វីលីពីន ឆ្នាំ2019) មកម្ល៉េះ ព្រោះវាជាគោលដៅធំ សម្រាប់អាជីពរបស់ខ្ញុំដែរ»។
កម្ពុជា ស្ថិតក្នុងពូល B រួមជាមួយនឹងក្រុមជម្រើសជាតិថៃ ម៉ាឡេស៊ី សិង្ហបុរី និងឡាវ៕
កុំខកខានហាងឆេងភ្នាល់កីឡាល្អបំផុតនៅ 188BET!