ការចាប់អារម្មណ៍ផ្សេងៗ នឹងធ្លាក់ទៅលើតារាឆ្នើម Mohamed Salah និង Sebastien Haller ក្នុងពេលក្រុមបាល់ទាត់ជម្រើសជាតិអេហ្សីប និងកូតឌីវ័រ ប៉ះគ្នាក្នុងការប្រកួតក្នុងព្រឹត្តិការណ៍ Africa Cup of Nations វគ្គ16ក្រុមចុងក្រោយនៅរាត្រីនេះ ខណៈក្រុមទាំង2 បានបង្កើតឲ្យមានប្រវត្តិសាស្ត្រជាច្រើន។ Salah នឹងដឹកនាំក្រុមជម្រើសជាតិ
អេហ្ស៊ីប ដែលនឹងសម្លឹងរកការបន្ថែមពាន Africa Cup of Nations ទី7 ទៅលើពានសរុបរបស់ពួកគេ ស្របពេលដែលក្រុមបាល់ទាត់ជម្រើសជាតិកូតឌីវ័រ ដែលមាន Haller ក្នុងតំបន់ប្រយុទ្ធ នឹងសម្លឹងរកការឈ្នះពានប្រចាំទ្វីបជាលើកទី3។ មិនមែនគ្រប់គ្នានៅកាមេរូន ពេញចិត្តឲ្យព្រឹត្តិការណ៍នេះ បន្តការប្រកួតឡើយ ក្រោយពីជួបហេតុការណ៍ដ៏រន្ធត់កាលពីថ្ងៃចន្ទក្នុងទីក្រុង Yaounde ប៉ុន្តែ ជាការរំពឹងទុក នឹងមានអ្នកគាំទ្រជាច្រើនប្រមូលម្តុំគ្នានៅកីឡដ្ឋាន Japoma ក្នុងទីក្រុង Douala ស្របពេលដែលអ្នកគាំទ្រជាច្រើន នឹងជួយលើកទឹកចិត្តដល់ក្រុមជម្រើសជាតិកូតឌីវ័រ។ ប៉ុន្តែ កូតឌីវ័រ ត្រូវតែស្វែងវិធីសាស្ត្រក្នុងការរារាំង Salah ក៏ដូចជាសមាជិកផ្សេងទៀតក្នុងក្រុមរបស់លោក Carlos Queiroz បើទោះបីក្រុមជម្រើសជាតិអេហ្ស៊ីប មិនបានបង្ហាញពីទម្រង់លេងល្អក្នុងវគ្គចែកពូលក៏ដោយ ដោយចាញ់ក្រុមជម្រើសជាតិនីហ្សេរីយ៉ា 1-0 នៅមុនពេលផ្តួលក្រុមជម្រើសជាតិស៊ូដង់ និងហ្គីណេប៊ីសូ ក្នុងលទ្ធផលដូចគ្នានេះ៕
ប្រភពព័ត៌មាន៖ AFP