ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានរងបរាជ័យលើកដំបូង ក្នុងយុទ្ធនាការប្រកួតបាល់ទាត់ពានរង្វាន់អាស៊ាន ឆ្នាំ2024 ពូលA បន្ទាប់ពីចាញ់ក្រុមម្ចាស់ផ្ទះសិង្ហបុរី 2-1 នៅពហុកីឡដ្ឋានជាតិសិង្ហបុរី កាលពីល្ងាចថ្ងៃទី11 ខែធ្នូ ឆ្នាំ2024 ។ ការរបូត 3ពិន្ទុក្រៅដីនេះ បានធ្វើឲ្យអ្នកគាំទ្រក្រុមគោព្រៃជាច្រើន ហាក់មិនអស់ចិត្ត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ដ្បិតកម្ពុជាបានបង្ហាញទម្រង់លេងដ៏ល្អក្នុងការប្រកួតនេះ ។
ការប្រកួតទី2 ក្នុងពូលនេះ កម្ពុជាបានភ្លាត់ស្នៀតរបូស 2គ្រាប់ ត្រឹមរយៈពេលជាង 15នាទី ដែលបញ្ជូនបាល់មិនបានល្អរបស់អ្នកចាំទី វីរៈ ដារ៉ា ដែលបង្កើតឱកាសឲ្យកីឡាករសិង្ហបុរី Mahammad Faris Bin Ramli និងកីឡាករ Muhammad Shawal Bin Anuar រកបានម្នាក់ 1គ្រាប់ ដោយងាយៗនៅនាទីទី9 និងនាទី16 ។ នេះគឺជាមូលហេតុដ៏សំខាន់មួយ ដែលនាំឲ្យអ្នកគាំទ្រមិនអស់ចិត្ត ។
បន្ទាប់មកក្រុមជម្រើសជាតិកម្ពុជា បានព្យាយាមវាយសម្រុកជាខ្លាំង ពិសេសនៅវគ្គទី2 បន្ទាប់ពីផ្ដើមលេងបន្ដបានប្រមាណ 15នាទី កម្ពុជា ក៏វាយបកបាន 1គ្រាប់វិញ ដោយកីឡាករ សៀង ចន្ធា នៅនាទី59 ហើយបន្ដដាក់សម្ពាធកាន់តែខ្លាំង តែមិនអាចស្វែងរកគ្រាប់បាល់បន្ថែមបានឡើយ ទោះបីកម្ពុជា មានឱកាសស៊ុតសរុបចំនួន 18លើក និងស៊ុតចំគោលដៅចំនួន 7លើក ច្រើនជាងម្ចាស់ផ្ទះសិង្ហបុរីក៏ដោយ ដែលនាំឲ្យលទ្ធផលរក្សាលទ្ធផល 2-1 ដល់ចប់ការប្រកួតពេញម៉ោង ។
ទន្ទឹមជាមួយការប្រកួតប្រជែងដ៏តានតឹងនេះដែរ បានធ្វើឲ្យកីឡាករ 2រូបរបស់កម្ពុជា រងរបួសធ្ងន់ ក្នុងនោះប្រធានក្រុម កាន់ ម៉ូ បានរងរបួសបែកក្បាល និងដេរចំនួន 10ថ្នេរ ក្រោយប៉ះទង្គិចផ្នែកក្បាលជាមួយខ្សែការពារសិង្ហបុរី ហើយកំពុងស្នាក់នៅតាមដានក្នុងបន្ទប់សង្គ្រោះបន្ទាន់ និងកីឡាករ គឹម សុខយុទ្ធ ដែលរងរបួសសរសៃពួរ Hamstring កំឡុងធ្វើការងារធ្ងន់លើទីលានក្នុងជំនួបនេះផងដែរ ។
ជុំវិញការបរាជ័យលើកដំបូងនេះដែរ បានធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជា នៅសល់ឱកាសស្ដួចស្ដើងបំផុត សម្រាប់ការប្រជែងកៅអីវគ្គបន្ដ នៃពានរង្វាន់បាល់ទាត់អាស៊ាន ឆ្នាំ2024 ដ្បិតបច្ចុប្បន្នកម្ពុជា បានធ្លាក់មកឈរលេខ4 ដោយរក្សា 1ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ 2ប្រកួតស្មើ 1 និងចាញ់ 1 តាមពីក្រោយក្រុមកំពូលលតារាងម៉ាឡេស៊ី ដែលរកបាន 4ពិន្ទុ ក្រោយវាយបកយកឈ្នះទីម័រខាងកើត 3-2 ខណៈដែលថៃ និងសិង្ហបុរី ដែលរកបាន 3ពិន្ទុដូចគ្នា ។ កម្ពុជា នៅសល់ 2ប្រកួតទៀត ដោយត្រូវជួបទីម័រខាងកើត នាថ្ងៃទី17 ខែធ្នូ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ និងចុងក្រោយ ត្រូវជួបក្រុមដំរីសឹកថៃ នាថ្ងៃទី20 ខែធ្នូ នៅទីក្រុងបាងកក ៕