លោក Jurgen Klopp គ្រូបង្វឹករបស់ក្រុម Liverpool បានប្រដូចការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-០ របស់ក្រុមលោកលើទឹកដីក្រុម Burnley កាលពីថ្ងៃពុធជាការឈ្នះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលជួយឲ្យពួកគេឈានទៅវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ដើម្បីប្រកួតជាមួយនឹងក្រុម Crystal Palace និងឱកាសក្នុងការដណ្តើមបានលេខ៤។
ការដណ្តើមបានជ័យជម្នះដ៏មិនគួរឲ្យជឿរបស់ Liverpool នៅលើទឹកដីក្រុម West Bromwich Albion កាលពីថ្ងៃអាទិត្យ បានជួយរក្សាក្តីសង្ឃឹមរបស់ពួកគេ ក្នុងការឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League ហើយនៅកីឡដ្ឋាន Turf Moor បានបន្តដណ្តើមបានជ័យជម្នះយ៉ាងកក់ក្តៅ ដើម្បីនាំយកក្តីសង្ឃឹមទៅប្រកួតនៅថ្ងៃចុងក្រោយក្នុងក្របខ័ណ្ឌលីក នារដូវកាលនេះ។ កីឡាករ Roberto Firmino និង Nathaniel Phillips បានស៊ុតបាល់បញ្ចូលទីដូចគ្នានៅតង់នីមួយៗ នៅមុនពេល Alex Oxlade-Chamberlain បានរកគ្រាប់បាល់បំប៉ោងសំណាញ់ទី នៅរយៈពេល២នាទីចុងក្រោយ ខណៈដែលក្រុម Liverpool បានឈរពីលើក្រុម Leicester ក្នុងចំណាត់ថ្នាក់លេខ៤ ដោយសារតែមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាង។ ការដណ្តើមជ័យជម្នះលើទឹកដីខ្លួនឯងពេលប្រកួតជាមួយនឹងក្រុម Crystal Palace នៅថ្ងៃអាទិត្យ ពីមុខអ្នកគាំទ្រចដ៏ច្រើនបំផុត នាកីឡដ្ឋាន Anfield បើគិតចាប់តាំងពីពួកគេបានបញ្ចប់ការរង់ចាំរយៈពេល៣០ឆ្នាំ ដើម្បីក្លាយជាម្ចាស់ជើងឯកអង់គ្លេស កាលពីរដូវកាលមុន នឹងធ្វើឲ្យក្រុម Liverpool មានក្តីសង្ឃឹមខ្ពស់ក្នុងការដណ្តើមបានលេខ៤»។ លោក Klopp បានឲ្យដឹងថា៖ «ពេលនេះ យើងនឹងទទួលស្វាគមន៍អ្នកគាំទ្រ១០០០០នាក់ នៅកីឡដ្ឋាន Anfield ហេតុនេះ ខ្ញុំពិតជាអន្ទះសារចង់ឃើញណាស់»៕
ប្រភពព័ត៌មាន៖ BBC