លោក Pep Guardiola បានបង្ហាញពីជំហរការពារទៅលើវិធីសាស្ត្ររបស់លោក ក្រោយពីក្រុម Manchester City បានបញ្ចប់ក្នុងលទ្ធផលស្មើ ជាមួយនឹងក្រុម RB Leipzig កាលពីថ្ងៃពុធ។ Man City បានបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 ក្នុងការប្រកួតជើងទី1នៃក្របខ័ណ្ឌ Champions League វគ្គ16ក្រុមចុងក្រោយរបស់ពួកគេ
ប៉ុន្តែ បើទោះបីបានគ្រប់គ្រងការប្រកួតស្ទើរតែទាំងស្រុងក្នុងតង់ទី2ក៏ដោយ ប៉ុន្តែ លោក Guardiola មិនបានប្តូរកីឡាករសូម្បីតែម្នាក់ ហើយក្រោយមក លោកពន្យល់ថា លោកបារម្ភពីគ្រោះថ្នាក់នៃការវាយសម្រុករហ័សរបស់ក្រុម Leipzig។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ការរំពឹទុករបស់ខ្ញុំពិតជាមិនខ្ពស់ឡើយ។ ខ្ញុំមានអារម្មណ៍ជាមុនថា ការប្រកួតនេះ នឹងត្រូវកាត់សេចក្តីនៅជើងទី2។ ជាទូទៅ ខ្ញុំពិតជាពេញចិត្តនឹងលទ្ធផលនេះ។ ខ្ញុំមិនហ៊ានមើលស្រាលក្រុម Leipzig ឡើយ»។
ក្នុងការប្រកួតមួយគូទៀតនៅថ្ងៃដដែលនោះ ខ្សែប្រយុទ្ធបម្រុង Romelu Lukaku រកបានគ្រាប់បាល់ឈ្នះនៅនាទី ទី86 ដើម្បីជួយឲ្យក្រុម Inter Milan ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 1-0 លើក្រុម Porto ដែលនៅសល់សមាជិកត្រឹមតែ10នាក់ ក្នុងការប្រកួតជើងទី1 នៃវគ្គ16ក្រុមចុងក្រោយ ដ៏ស្វិតស្វាញ៕
ប្រភពព័ត៌មាន៖ The Guardian