លោក Park Hang-seo គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមអាយុក្រោម23 ជឿជាក់ថា ក្រុមរបស់លោកអាចផ្តល់ការខកចិត្តដល់ក្រុមជម្រើសជាតិម៉ាឡេស៊ី នៅពេលដែលក្រុមទាំង2 ជួបគ្នាក្នុងការប្រកួតវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ នាកីឡដ្ឋាន Viet Tri នៅរាត្រីនេះ ចាប់ពីម៉ោង7យប់តទៅ។ លោក Park បានប្រាប់
សន្នសីទសារព័ត៌មានកាលពីថ្ងៃពុធ ទី18 ខែឧសភាថា៖ «យើងនឹងទទួលជ័យជម្នះ ប្រសិនបើយើងបង្កើតភាពរឹងមាំក្នុងតំបន់ការពារ និងដណ្តើមយកឱកាសនានា។ យើងនឹងមានការជឿជាក់ខ្ពស់ ដោយសារតែកីឡាកររបស់យើងទាំងអស់ សុទ្ធតែស្ថិតក្នុងទម្រង់លេងយ៉ាងល្អ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ក្នុងកីឡាបាល់ទាត់ វាមិនអាចទៅរួចឡើយ ក្នុងការព្យាករអ្វីមួយនោះ ប៉ុន្តែ យើងនឹងព្យាយាមដើម្បីបញ្ចប់ការប្រកួតក្នុងរយៈពេលត្រឹម90នាទី»។ ដោយឡែក លោក Brad Maloney គ្រូបង្វឹកនៃក្រុមជម្រើសជាតិម៉ាឡេស៊ី ក៏កោតសរសើរភាពខ្លាំងរបស់ក្រុមវៀតណាម ផងដែរ ប៉ុន្តែ បានបញ្ជាក់ថា កីឡាកររបស់លោកនឹងប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីរារាំងគូប្រកួតរបស់ខ្លួន ចាប់តាំងពីនាទីដំបូងនៃការប្រកួត។ ក្នុងការប្រកួតមួយគូទៀត នៅថ្ងៃដដែលនោះ ដែលនឹងប្រព្រឹត្តទៅនៅកីឡដ្ឋាន Thien Truong ចាប់ពីម៉ោង4រសៀលតទៅ លោក Shin Tae-yong គ្រូបង្វឹកនៃក្រុមជម្រើសជាតិឥណ្ឌូនេស៊ី បានបញ្ជាក់ថា ក្រុមរបស់លោក កំណត់គោលទៅវគ្គផ្តាច់ព្រ័ត្រ ពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិថៃ ក្នុងការប្រកួតគូទី1។ ស្របពេលជាមួយគ្នានេះ លោក Alexander Polking បានបញ្ជាក់ថា ក្រុមរបស់លោកក៏មានគោលដៅដូចគ្នានេះ ផងដែរ៕