ក្រុងអាំស្ទែរដាំ: កីឡាករគ្មានតម្លៃខ្លួន Mario Goetze ដែលជាអ្នកស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះឱ្យក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ ក្នុងវគ្គផ្ដាច់ព្រ័ត្រ World Cup 2014 បានព្រមព្រៀងចុះហត្ថលេខាលេងក្រុម PSV Eindhoven រយៈពេល ២ ឆ្នាំ។ នេះបើតាមការឱ្យដឹងពីក្លិបយក្សនៅហូឡង់។
ខ្សែបម្រើប្រយុទ្ធវ័យ ២៨ ឆ្នាំ ដែលបានចូលលេងឱ្យក្រុមជម្រើសជាតិ ៦៣លើក ត្រូវបានដោះលែងដោយក្រុម Borussia Dortmund ក្នុងខែមិថុនា ដោយសារធ្លាក់ទម្រង់លេង និងញាំញីដោយរបួស។
កីឡាករ Goetze ចាប់កំណើតចេញពីក្រុមថ្នាលរបស់ក្លិប Dortmund តែបានផ្លាស់ទៅកាន់ក្រុមគូប្រជែង Bayern Munich កាលពីឆ្នាំ២០១៣។ រូបគេបានត្រឡប់មកកាន់ក្លិបនៅទឹកដី Ruhr Valley នេះវិញ ក្នុងឆ្នាំ ២០១៦ តែមិនអាចដណ្ដើមបានកន្លែងលេងទៀងទាត់ ១ ឡើយ ដូច្នេះ ក៏ត្រូវបានអនុញ្ញាតិឱ្យរកទ្រនំថ្មី ពេលផុតកុងត្រា។
ការមកដល់របស់ Goetze គឺជាជោគជ័យ ១ សម្រាប់ក្រុម PSV ដែលតែងតាំងបុរសអាល្លឺម៉ង់ Roger Schmidt ជាគ្រូបង្វឹក នៅបញ្ចប់រដូវកាលមុន និងបានទិញ Adrian Fein ដែលជាមិត្តរួមជាតិរបស់ Goetze ពីក្រុម Bayern ព្រមទាំងនាំយកខ្សែបម្រើ Marco van Ginkel ពីក្រុម Chelsea មុនទីផ្សារដោះដូរកីឡាករបិទទ្វារ កាលពីថ្ងៃចន្ទ។
![Goetze សម្ដែងការរីករាយ ក្រោយរកគ្រាប់បាល់ជ័យជម្នះឱ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ កាលពីព្រឹត្តិការណ៍ World Cup 2014។ Content image - Phnom Penh Post](https://www.postkhmer.com/sites/default/files/styles/content_full_width/public/gty_goetze_jef_140713_16x9_1600.jpg?itok=zl0KSpGf)
ពាក់ព័ន្ធនឹងការផ្លាស់ប្ដូររបស់ខ្លួន Gotze បាននិយាយថា៖ «ខ្ញុំបន្តការហ្វឹកហាត់ និងធ្វើឱ្យខ្លួនរឹងមាំជានិច្ច ដើម្បីត្រៀមប្រឈមនឹងដំណើរផ្សងព្រេងថ្មីមួយ។ ខ្ញុំទន្ទឹងរង់ចាំចូលរួមជាមួយមិត្តរួមក្រុមថ្មី ដើម្បីធ្វើការហាត់សមពេញលេញ និងត្រៀមខ្លួនឱ្យរួចរាល់ សម្រាប់ការប្រកួតនាពេលខាងមុខ»។
ក្រុម PSV មានជំនឿថា ពួកគេ បាននាំយកកីឡាករដ៏មានសមត្ថភាពម្នាក់ ដែលនឹងមករួមចំណែកយ៉ាងធំធេងជួយក្លិប ដោយនាយកកីឡារបស់ក្លិប លោក John de Jong បានអធិប្បាយការមកដល់នេះ ថាជា «ការប្រទានពីព្រះជាម្ចាស់»។
លោកនាយកកីឡារូបនោះ ប្រាប់ឱ្យដឹងបន្ថែមតាមរយៈវេបសាយផ្លូវការរបស់ក្លិបខ្លីៗថា៖ «យើងរីករាយ ដែលគេព្រមចុះកុងត្រាជាមួយក្លិប PSV។ យើងមានមោទនភាពណាស់»។
Goetze ត្រូវបានគេដឹងថា មានភ្ជាប់ទំនាក់ទំនងជាមួយក្លិបកំពូលៗ នៅអឺរ៉ុបមួយចំនួន ទោះជាគេប្រាប់ថា ការរាយការណ៍របស់បណ្ដាញសារត៌មាន នៅអាល្លឺម៉ង់ភាគច្រើន គឺកុហកទាំងស្រុងក៏ដោយ៕ AFP/VN