លោក Simone Inzaghi បាននិយាយថា ក្រុម Inter Milan របស់លោក នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield ក្នុងគោលបំណងប្រជែងយកកៅអីទៅវគ្គ 8ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League បើទោះបីប្រឈមមុខនឹងការមានឱកាសតិចតួចក្នុងពេលប៉ះជាមួយនឹងក្រុមឡើងទម្រង់លេង Liverpool ក៏ដោយ។
ស្របពេលជាមួយគ្នានេះ លោក Jurgen Klopp បានដាស់តឿនថា ក្រុម Inter នឹងមិនមកប្រកួតលើទឹកដីក្រុម Liverpool នៅសប្តាហ៍នេះក្នុងនាមជាភ្ញៀវទេសចរណ៍ឡើយ បើទោះបីពួកគេកំពុងតែដេញតាមពីក្រោយក្នុងលទ្ធផល 2-0 ពីការប្រកួតជើងទី1 នៅអ៊ីតាលី ក៏ដោយ។ Liverpool កំពុងតែស្ថិតក្នុងទីតាំងដ៏រឹងមាំក្នុងការឈានទៅវគ្គ៨ក្រុមចុងក្រោយ នៅមុនពេលការប្រកួតជើងទី2នៅរាត្រីនេះ ក្រោយពី Roberto Firmino និង Mohamed Salah បានស៊ុតបាល់បញ្ចូលទីដូចគ្នា លើទឹកដីអ៊ីតាលី កាលពីខែមុន។ ប៉ុន្តែ លោក Klopp នៅតែរក្សាការប្រុងប្រយ័ត្នជានិច្ច ស្របពេលដែលក្រុមរបស់លោក សម្លឹងរកការរក្សាស្ថិតលើផ្លូវនៃការប្រជែងដណ្តើមពាន4ដែលមិនធ្លាប់មានពីមុនមក ក្រោយពីបានផ្តួលក្រុម Chelsea ដោយការស៊ុតបាល់ប៉េណាល់ទី ដើម្បីឈ្នះពាន League Cup កាលពីសប្តាហ៍មុន។ ក្នុងសន្និសីទសាសរព័ត៌មាននៅមុនការប្រកួត កាលពីថ្ងៃចន្ទ លោក Klopp បានឲ្យដឹងថា៖ «គ្រប់គ្នាដឹងពីគ្រោះថ្នាក់ហើយអំពីការនាំមុខ 2-0។ ខ្ញុំគិតថា វាជាការនាំមុខដែលអាចត្រូវបានផ្លាស់ប្តូរភាគច្រើន ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់»៕
ប្រភពព័ត៌មាន៖ worldsoccertalk