ក្រុងឡុងដ៍: ក្រុម Nottingham Forest (Forest) នៅ Championship ក្របខ័ណ្ឌកម្រិតទី២ របស់ប្រទេសអង់គ្លេស កាលពីថ្ងៃអង្គារម្សិលមិញ បានសម្រេចបញ្ចប់តួនាទីគ្រូបង្វឹករបស់លោក Sabri Lamouchi ក្រោយបរាជ័យដល់ទៅ ៥ ប្រកួតជាប់គ្នា ហើយបានតែងតាំងលោក Chris Hughton ជំនួសវិញ។
បុរសសញ្ជាតិបារាំង Lamouchi ត្រូវបានគេរំពឹងថា នឹងចាកចេញ ក្រោយមិនអាចជួយក្រុមឱ្យឡើងមកកាន់ក្របខ័ណ្ឌកំពូល Premier League ដោយសារមានទម្រង់លេងមិនសូវល្អ ដែលបានធ្វើក្រុមបាត់ឱកាសប្រកួតកាត់ក្ដី (Play-off) ហើយទម្រង់ដ៏យ៉ាប់យឺនហ្នឹង បានបន្តមកដល់រដូវកាលថ្មីនេះទៀត។
អតីតអ្នកចាត់ការក្រុម Brighton លោក Hughton ត្រូវបានប្រកាសឈ្មោះភ្លាមៗ នៅឯទឹកដី City Ground ពោលគឺតែប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយក្រុម Forest បានអះអាងពីការចាកចេញរបស់លោក Lamouchi។
ក្លិបបានចេញសេចក្ដីថ្លែងការណ៍ថា៖ «ក្រុម Nottingham Forest មានក្ដីរីករាយប្រកាសឱ្យដឹងថា លោក Chris Hughton ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្រុម»។
សេចក្ដីប្រកាសនោះ បន្តទៀតថា៖ «លោក Hughton ចូលរួមជាមួយក្លិបប្រកបព្រមដោយបទពិសោធន៍យ៉ាងក្រាស់ក្រែល ដោយដឹកនាំក្រុម Newcastle United និង Brighton ឱ្យឡើងពីក្របខ័ណ្ឌ Championship និងបន្តទៅជួយក្រុមទាំង ២ នៅ Premier League ទៀត»។
លោក Hughton អត់មានដឹកនាំក្រុមណាឡើយ តាំងពីចែកផ្លូវជាមួយក្រុម Brighton ក្នុងខែឧសភា ឆ្នាំ២០១៩៕ AFP/VN
លោក Hughton សើច កំលុងពេលធ្វើសន្និសីទកាសែត មុនប្រកួត កាលដឹកនាំក្រុម Brighton។