ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម 17ឆ្នាំអាហ្វហ្គានីស្ថាន បានឡើងឈរកំពូលតារាងបណ្ដោះអាសន្ន នៃការប្រកួតជម្រុះជើងឯកយុវជនអាយុក្រោម 17ឆ្នាំទ្វីបអាស៊ី(AFC U17 Asian Cup) ឆ្នាំ2025 ពូលB វិញហើយ បន្ទាប់ពីយកឈ្នះក្រុមយុវជន U17 ម៉ាកាវ 9-0 នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) កាលពីរាត្រីថ្ងៃទី23 ខែតុលា។
អានព៌ត័មានកីឡាក្នុងស្រុកផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ជ័យជម្នះនេះ នាំឲ្យសម្ពាធធ្លាក់លើក្រុមម្ចាស់ផ្ទះកម្ពុជា មុនជួបជាមួយអាហ្វហ្គានីស្ថាន នាថ្ងៃស្អែក ។ ការប្រកួតទី2 ក្នុងពូល អាហ្វហ្គានីស្ថាន នៅតែបន្ដរកគ្រាប់បាល់បានយ៉ាងច្រើន តាមរយៈការស៊ុតបំប៉ោងសំណាញ់ក្រុមយុវជនម៉ាកាវ 9គ្រាប់ បន្ទាប់ពីប្រកួតដំបូង បានយកឈ្នះក្រុមជម្រើសជាតិ U17 ហ្វីលីពីន 8-0 កាលពីដើមសប្ដាហ៍កន្លងទៅ ។ ជ័យជម្នះនេះ នាំឲ្យក្រុមជម្រើសជាតិ U17 អាហ្វហ្គានីស្ថាន ឡើងឈរកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន 6ពិន្ទុស្មើគ្នា ជាមួយក្រុមជម្រើសជាតិ U17 កម្ពុជា ក្រោយឈ្នះ 2ប្រកួតជាប់ដូចគ្នា ។ ប៉ុន្ដែទន្ទឹមជាមួយការប្រកួត 2លើក រកបាន 17គ្រាប់ ដោយរក្សាសំណាញ់ទីមិនឲ្យរបូតគ្រាប់បាល់សូម្បី 1គ្រាប់នេះ បានធ្វើឲ្យអ្នកគាំទ្រក្រុមម្ចាស់ផ្ទះកម្ពុជា ហាក់មានក្ដីបារម្ភ សម្រាប់ការប្រកួតបន្ទាប់ ដែលកម្ពុជា ត្រូវជួបក្រុមខ្លាំង U17 អាហ្វហ្គានីស្ថាន នាថ្ងៃទី25 ខែតុលា ឆ្នាំ2024 នៅកីឡដ្ឋានព្រីនស៍ ផងដែរ ។ នេះគឺជាសម្ពាធមួយ ដែលក្រុមទាំងពីរ ត្រូវការឈ្នះរៀងខ្លួន ដើម្បីធានាកៅអីជុំផ្ដាច់ព្រ័ត្រ ខណៈបើគោព្រជំទង់ ភ្លាត់ចាញ់វិញ នោះនឹងជួបការលំបាកក្នុងការប្រជែងកៅអីវគ្គបន្ដ ។ គួរដឹងថា បច្ចុប្បន្នអាហ្វហ្គានីស្ថាន និងម្ចាស់ផ្ទះកម្ពុជា កំពុងឈរលេខ1 និងលេខ2 ក្នុងពូលB ដោយរកបាន 6ពិន្ទុស្មើគ្នា ហើយនៅសល់ 2ប្រកួតក្នុងដៃរៀងខ្លួន ស្របពេលក្រុមជម្រើសជាតិ U17 បង់ក្លាដេស រកបាន 3ពិន្ទុដំបូង ដើម្បីឈរលេខ3 ក្រោយយកឈ្នះក្រុមជម្រើសជាតិ U17 ហ្វីលីពីន 1-0 ។ សម្រាប់ការប្រកួតបញ្ចប់ពូល 2ថ្ងៃចុងក្រោយ នាថ្ងៃទី25 និងថ្ងៃទី27 ខែតុលាខាងមុខ នឹងប្រព្រឹត្តទៅនៅកីឡដ្ឋានព្រីនស៍ ។ សម្រាប់យុទ្ធនាការប្រកួតជម្រុះជើងឯកយុវជនអាយុក្រោម 17ឆ្នាំប្រចាំទ្វីបអាស៊ីនេះដែរ គឺបែងចែកជា 10ពូល ដើម្បីស្វែងរកក្រុមខ្លាំងៗ 16ក្រុមឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ នៅប្រទេសអារ៉ាប់ប៊ី នាឆ្នាំ2025 ក្នុងនោះក្រុមកំពូលតារាងទាំង 10 នៃពូលនីមួយៗ ព្រមទាំងក្រុមម្ចាស់ផ្ទះ នឹងទទួលបានកៅអីជុំផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិ ខណៈ 5ក្រុមទៀត ត្រូវកំណត់បេក្ខភាពក្រុមចំណាត់ថ្នាក់លេខ2 ល្អជាងគេ 5ក្រុម ក្នុងចំណោមពូលទាំង 10 ឡើងទៅបង្គ្រប់កៅអីជុំផ្ដាច់ព្រ័ត្រ នាឆ្នាំ2025៕